View Larger Map

Sunday, May 27, 2012

តើ Common Stock (ភាគហ៊ុន​ទូទៅ​ធម្មតា) និង Preferred Stock (ភាគហ៊ុន​បុរិមា) ខុសគ្នា​ត្រង់ណា​ខ្លះ?


ទាក់ទង​នឹង​​ការវិនិយោគ​ភាគហ៊ុន៖ តើ Common Stock និង Preferred Stock ខុសគ្នា​ត្រង់ណា​ខ្លះ?
Common Stock  (ភាគហ៊ុន​ទូទៅ​ធម្មតា) និង Preferred Stock (ភាគហ៊ុន​បុរិមា) គឺ​សុទ្ធសឹង​ជា​ភាគហ៊ុន​ដូចគ្នា។ ភាពខុសគ្នា រវាង​​ភាគហ៊ុន​ទាំងពីរ​ប្រភេទ​នេះ មាន ៣​ចំណុច​ធំៗ៖
១-សិទ្ធិបោះឆ្នោត
អ្នក​កាន់​ភាគហ៊ុន​ធម្មតា (Common Stock) មាន​សិទ្ធិ​បោះឆ្នោត ក្នុង​ក្រុមហ៊ុន ដូចជា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ ជាដើម។ ចំណែក​អ្នក​កាន់​ភាគហ៊ុនបុរិមា (Preferred Stock) វិញ មិនមាន​សិទ្ធិ​បោះឆ្នោត​ទេ។
២-ចំណែក​​​ភាគលាភ ឬ​ប្រាក់​ចំណេញ​ប្រចាំឆ្នាំ​ដែល​ត្រូវ​បែងចែក​ទៅ​ឲ្យ​ម្ចាស់​ហ៊ុន ( Dividend)
អ្នក​កាន់​ភាគហ៊ុន​ធម្មតា ទទួល​ចំណែក​ភាគលាភប្រចាំ​ឆ្នាំ ទៅតាម​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន។ បើ​ក្រុមហ៊ុន​ចំណេញ​ច្រើន ទទួល​បាន​ច្រើន។ បើ​ក្រុមហ៊ុន​ចំណេញ​តិច​ទទួល​បានតិច។ បើ​ក្រុមហ៊ុន​មិន​ចំណេញ​សោះ អ្នក​កាន់​ភាគហ៊ុន​ធម្មតា​ក៏​មិន​បាន​​ទទួល​ភាគលាភ​ដែរ។ ផ្ទុយ​ទៅវិញ អ្នក​កាន់​ភាគហ៊ុន​បុរិមា អាច​មាន​ចំណែក​ភាគលាភ​មួយ​កំណត់ អាស្រ័យ​ទៅ​តាម​ក្រុមហ៊ុន​ ដែល​ចេញ​ភាគហ៊ុននេះ។ ក្រុមហ៊ុន​​អាច​កំណត់​ជាមុន​ថា អ្នក​កាន់​ភាគហ៊ុន​បុរិមា​​អាច​ទទួល​បាន​​ភាគលាភ​ប្រចាំ​ឆ្នាំ  ៥%​ ជារៀងរាល់​ឆ្នាំ (ឧទាហរណ៍)។ ដូច្នេះ បើ​ទោះជា​ក្រុមហ៊ុន​ចំណេញ​តិច​តួច ​ក៏​​អ្នក​កាន់​ភាគហ៊ុន​បុរិមា​នៅ​តែ​​ទទួល​បាន​ភាគលាភ ៥% ហើយ​បើ​សិន​ជា​ក្រុមហ៊ុន​ចំណេញ​ច្រើន ក៏​នៅតែ​បាន​ ៥%។
៣-អាទិភាព​ក្នុង​ការ​ទទួល​បាន​ភាគលាភ
អ្ន​ក​កាន់​ភាគហ៊ុន​បុរិមា​ មាន​សិទ្ធិ​ទទួល​បាន​ចំណែក​ភាគលាភ​មុន​អ្នក​កាន់​ភាគហ៊ុន​ធម្មតា។ ក្រុមហ៊ុន​ត្រូវ​បែងចែក​ប្រាក់​ចំណេញ​ទៅ​ឲ្យ​អ្នក​កាន់​ភាគហ៊ុន​បុរិមា​ ជាមុន​ រួចហើយ​បាន​យក​ចំណែក​ដែល​​នៅ​សល់​ទៅ​​បែងចែក​ដល់​អ្នក​កាន់​ភាគហ៊ុន​ធម្មតា។ ដូច្នេះ​ បើ​សិន​ជា​ក្នុងករណី​​ប្រាក់​ចំណេញ​មាន​មិនសូវ​ច្រើន ហើយ​ក្រោយ​ពេល​បែងចែក​​ឲ្យ​អ្នក​កាន់​ភាគហ៊ុន​បុរិមា​ហើយ មិនមាន​ប្រាក់​ចំណេញ​នៅ​សល់ អ្នក​កាន់​ភាគហ៊ុន​ធម្មតា​មិន​អាច​ទទួល​​បាន​ប្រាក់​ភាគលាភ​ទេ។
ប៉ុន្តែ គួរ​បញ្ជាក់​បន្ថែម​ថា អ្នក​កាន់​ភាគហ៊ុន​បុរិមា (Preferred Stock) មាន​សិទ្ធិ​ទទួល​ចំណែក​ប្រាក់​ភាគលាភ​មុន​អ្នក​កាន់​ភាគហ៊ុន​ធម្មតា ប៉ុន្តែ មិនមែន​មានន័យថា មិន​ប្រាកដ​ថា​អាច​ទទួល​បាន​ប្រាក់​ភាគលាភ​គ្រប់ពេលទេ។ ប្រសិន​បើ​ក្រុមហ៊ុន​មិនមាន​លុយ យក​មកចែក​ប្រាក់​ភាគលាភ​ឲ្យ​ទេ អ្នក​កាន់​ភាគហ៊ុន​បុរិមា មិនអាច​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​តែ​បង់​នោះទេ។
នេះ​ខុស​ពី​ករណី​អ្នក​កាន់​សញ្ញាប័ណ្ណ (Bond)។ អ្នក​កាន់​សញ្ញាប័ណ្ណ​ក្រុមហ៊ុន​ គឺ​ជា​ម្ចាស់​បំណុល​របស់​ក្រុមហ៊ុន។ ដូច្នេះ ក្រុមហ៊ុន​មាន​កាតព្វកិច្ច​ត្រូវ​តែ​សង​បំណុល ឬ​ក៏​បង់​ការប្រាក់​ទៅ​ឲ្យ​អ្នក​កាន់​សញ្ញាប័ណ្ណ។ ទោះជា​រកស៊ី​ចំណេញ ឬ​ខាត ក៏​ក្រុមហ៊ុន​​ត្រូវ​តែ​រក​លុយ​មក​បង់។ បើ​សិន​ជា​ក្រុមហ៊ុនមិនមាន​លុយ​បង់​ទៅ​ឲ្យ​អ្នក​កាន់​សញ្ញាប័ណ្ណ​ទេ ក្រុមហ៊ុន​អាច​នឹង​ត្រូវ​​​តុលាការ​ដាក់​ឲ្យ​​ក្ស័យធន ដើម្បី​​លក់​ឡាយឡុង​ទ្រព្យ​ក្រុមហ៊ុន​យក​លុយ​ទៅ​សង​អ្នក​កាន់​សញ្ញាប័ណ្ណ ដែល​ជា​​ម្ចាស់​បំណុល៕

No comments:

Post a Comment